ព្រះត្រៃបិដក ភាគ ១២
[៧៩៤] សង្ឃាទិសេសណា។ ដែលព្រះមានព្រះភាគ ជាអរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ (នូវកាលគួរបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍) ព្រោះបច្ច័យនៃកិរិយាបំបួសស្ដ្រីចោរ សង្ឃាទិសេសនោះ ព្រះអង្គទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីបំបួសស្ដ្រីចោរ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន ២ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយវាចានិងចិត្ដក៏មាន។
[៧៩៥] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីដើរទៅកាន់ចន្លោះស្រុកម្នាក់ឯង ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនី១រូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនី១រូបដើរទៅកាន់ចន្លោះ ស្រុកម្នាក់ឯង។ (សិក្ខាបទនោះ) មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ៣។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
ID: 636801654457161229
ទៅកាន់ទំព័រ៖