ព្រះត្រៃបិដក ភាគ ១២
[៣៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយចិត្ដិយៈ ចំពោះភិក្ខុដែលញ៉ាំងចីវរឱ្យសម្រេច ដោយការតឹងទារហួសកំណត់បីដង ដោយឈរហួសកំណត់៦ដង ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧបនន្ទជាសក្យបុត្ដមានអាយុ ដែលឧបាសកនិយាយ(អង្វរ)ថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់រងចាំក្នុងថ្ងៃនេះមួយថ្ងៃសិន ហើយមិនបានបង្អង់ចាំ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិ ទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
ចប់ កឋិនវគ្គទី១។
ឧទ្ទាន គឺបញ្ជីរឿងនៃកឋិនវគ្គនោះ ដូច្នេះ
[៣៧] អតិរេកចីវរ១ ចីវរដែលភិក្ខុនៅប្រាសចាកមួយរាត្រី១ អកាលចីវរ១ ការប្រើភិក្ខុនីមិនមែនជាញាតិឱ្យគក់លាងចីវរចាស់១ ទទួលចីវរអំពីដៃភិក្ខុនី១ទៀត ជាគម្រប់ប្រាំ ការសូមចីវរអំពីគ្រហស្ថមិនមែនជាញាតិ១ ការសូមឱ្យលើសពីស្បង់ចីពរ១ ភិក្ខុដែលគេមិនបានបវារណាមានពីរយ៉ាង១ ការតឹងទារចីវរឱ្យហួសកំណត់បីដង ១។
ID: 636801468435151379
ទៅកាន់ទំព័រ៖