ព្រះត្រៃបិដក ភាគ ១២
[៤២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលឱ្យគេធ្វើសន្ថ័តសម្រាប់ទ្រាប់អង្គុយថ្មី មិនលាយសន្ថ័តចាស់ មួយចំអាមព្រះសុគតដោយជុំវិញ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុច្រើនរូបលះចោលសន្ថ័ត ហើយសមាទាននូវអារញ្ញិកង្គធុតង្គ បិណ្ឌបាតិកង្គធុតង្គ បំសុកូលិកង្គធុតង្គ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៤៣] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលទទួលរោមចៀម នាំឱ្យកន្លងហួស៣យោជន៍ទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុមួយរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុមួយរូបទទួលរោមចៀម (រួចនាំទៅ) ឱ្យកន្លងហួស៣យោជន៍។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានពីរយ៉ាង គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចានិងចិត្ដ១ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា១។បេ។
ID: 636801469575936628
ទៅកាន់ទំព័រ៖