ព្រះត្រៃបិដក ភាគ ១២
[៥០] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលមានបាត្រមានចំណង គឺស្នាមប្រេះបែក មិនទាន់ដល់ប្រាំអន្លើ ហើយឱ្យគេទិញបាត្រថ្មីទៀត ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងសក្កជនបទ។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុមានបាត្រគ្រាន់តែបែកបន្ដិចបន្ដួចខ្លះ គ្រាន់តែដាច់បន្ដិចបន្ដួចខ្លះ គ្រាន់តែមានស្នាមប្រេះបន្ដិចបន្ដួចខ្លះ ហើយសូមបាត្រជាច្រើន។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំង ឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៥១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលទទួលភេសជ្ជៈ ហើយទុកឱ្យកន្លងហួស៧ថ្ងៃទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល ភិក្ខុច្រើនរូបទទួលភេសជ្ជៈ ហើយទុកឱ្យកន្លងហួស៧ថ្ងៃ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងកឋិនសិក្ខាបទ)។បេ។
ID: 636801471098783730
ទៅកាន់ទំព័រ៖