ព្រះត្រៃបិដក ភាគ ១២
[៥២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលស្វែងរកវស្សិកសាដិកចីវរ សម្រាប់ងូតទឹកភ្លៀង ក្នុងកាលដែលហួសពីខែជាខាងចុងនៃរដូវក្ដៅទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួក ឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយ ភិក្ខុនាំគ្នាស្វែងរកវស្សិកសាដិកចីវរ សម្រាប់ងូតទឹកភ្លៀងក្នុងកាលដែលហួសពីខែជាខាងចុងនៃរដូវក្ដៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៥៣] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលបានឱ្យចីវរខ្លួនឯង ដល់ភិក្ខុផងគ្នា ហើយមានចិត្ដខឹងអាក់អន់ដណ្ដើមយកវិញ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧបនន្ទជាសក្យបុត្ដមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧបនន្ទជាសក្យបុត្ដមានអាយុ បានឱ្យចីវរខ្លួនឯង ដល់ភិក្ខុផងគ្នា ហើយមានចិត្ដអាក់អន់ ដណ្ដើមយកវិញ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៣យ៉ាង។បេ។
ID: 636801471416801920
ទៅកាន់ទំព័រ៖