ព្រះត្រៃបិដក ភាគ ១២
[៩០៩] សួរថា អធិករណ៍ រម្ងាប់ដោយអធិករណ៍ក៏មាននោះ តើដូចម្ដេច អធិករណ៍ មិនរម្ងាប់ដោយអធិករណ៍ក៏មាន តើដូចម្ដេច។ ឆ្លើយថា វិវាទាធិករណ៍ មិនរម្ងាប់ដោយវិវទាធិករណ៍ មិនរម្ងាប់ដោយអនុវាទាធិករណ៍ មិនរម្ងាប់ដោយអាបត្ដាធិករណ៍ទេ រម្ងាប់ដោយកិច្ចាធិករណ៍ (តែម្យ៉ាង)។ អនុវាទាធិករណ៍ មិនរម្ងាប់ដោយវិវាទាធិករណ៍ មិនរម្ងាប់ ដោយអនុវាទាធិករណ៍ មិនរម្ងាប់ដោយអាបត្ដាធិករណ៍ទេ រម្ងាប់ដោយកិច្ចាធិករណ៍ (តែម្យ៉ាង)។ អាបត្ដាធិករណ៍ មិនរម្ងាប់ដោយវិវាទាធិករណ៍ មិនរម្ងាប់ដោយអនុវាទាធិករណ៍ មិនរម្ងាប់ដោយអាបត្ដាធិករណ៍ទេ រម្ងាប់ដោយកិច្ចាធិករណ៍ (តែម្យ៉ាង)។ កិច្ចាធិករណ៍ មិនរម្ងាប់ដោយវិវាទាធិករណ៍ មិនរម្ងាប់ដោយអនុវាទាធិករណ៍ មិនរម្ងាប់ដោយអាបត្ដាធិករណ៍ទេ រម្ងាប់ដោយកិច្ចាធិករណ៍ (តែម្យ៉ាង)។ អធិករណ៍រម្ងាប់ ដោយអធិករណ៍ក៏មាន ដូចពោលមកយ៉ាងនេះ អធិករណ៍មិនរម្ងាប់ ដោយអធិករណ៍ក៏មាន ដូចពោលមកយ៉ាងនេះ។
ID: 636801729955139467
ទៅកាន់ទំព័រ៖