ព្រះត្រៃបិដក ភាគ ១២
[៥៤] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលសូមអំបោះ (អំពីគ្រហស្ថ) ដោយខ្លួនឯង យកមកឱ្យជាងតម្បាញត្បាញចីវរ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿង រ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុសូមអំបោះ (អំពី គ្រហស្ថ) ដោយខ្លួនឯង ហើយឱ្យជាងតម្បាញ ត្បាញចីវរ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខា បទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៥៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលគេមិនបានបវារណាជាមុន ហើយចូលទៅរកជាងតម្បាញ របស់គហបតី ដែលមិនមែនជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ (ចង់បានឱ្យល្អហួសហេតុ) ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧបនន្ទជាសក្យបុត្ដមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧបនន្ទជាសក្យបុត្ដមានអាយុ ដែលគេមិនបានបវារណាទុកជាមុន ហើយចូលទៅរកជាងតម្បាញរបស់គហបតីមិនមែនជាញាតិ ដល់នូវកិរិយាកំណត់ក្នុងចីវរ។
ID: 636801471719109211
ទៅកាន់ទំព័រ៖