ព្រះត្រៃបិដក ភាគ ១២
សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៥៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលទទួលអច្ចេកចីវរ ហើយទុកឱ្យកន្លងសម័យនៃចីវរកាលទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុច្រើនរូបទទួលអច្ចេកចីវរ ហើយទុកឱ្យកន្លងសម័យ នៃចីវរកាលទៅ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងកឋិនសិក្ខាបទ)។បេ។
[៥៧] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលទុកចីវរ បណ្ដាចីវរទាំង៣ចីវរណាមួយ ក្នុងចន្លោះផ្ទះ ហើយនៅប្រាស (ចាកចីវរនោះ) លើស៦រាត្រីទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿង រ៉ាវដែលភិក្ខុច្រើនរូប ទុកចីវរ បណ្ដាចីវរទាំង៣ ចីវរណាមួយក្នុងចន្លោះផ្ទះ ហើយនៅប្រាស (ចាកចីវរនោះ) លើសពី៦រាត្រីទៅ។
ID: 636801472171745100
ទៅកាន់ទំព័រ៖