ព្រះត្រៃបិដក ភាគ ១២
[៦១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈ ព្រោះពោលពាក្យចាក់ដោត (ជេរប្រទេចភិក្ខុផងគ្នា) ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួក ឆព្វគ្គិយភិក្ខុ ទាស់ទែងនឹងភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ ហើយពោលចាក់ដោត (ជេរប្រទេច) ភិក្ខុដែលមានសីលជាទីស្រឡាញ់។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន ៣ យ៉ាង។ បេ។
[៦២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈ ព្រោះ ពោលពាក្យញុះញង់ភិក្ខុផងគ្នា ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុង នគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុនាំពាក្យញុះញង់ របស់ភិក្ខុទាំងឡាយដែលបង្កហេតុឈ្លោះទាស់ទែងគ្នា។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡីងដោយសមុដ្ឋាន៣យ៉ាង។បេ។
ID: 636801473350792538
ទៅកាន់ទំព័រ៖