ព្រះត្រៃបិដក ភាគ ១២
[៦៧] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលប្រាប់ឧត្ដរិមនុស្សធម្ម ដែលមានពិត ដល់អនុបសម្ប័ន្ន ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ ប្រារព្ធនូវពួកភិក្ខុ ដែលនៅទៀបឆ្នេរស្ទឹងឈ្មោះវគ្គុមុទា។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកភិក្ខុអ្នកនៅទៀបឆ្នេរស្ទឹងឈ្មោះវគ្គុមុទា ពោលអួតឧត្ដរិមនុស្សធម្មនៃគ្នានិងគ្នា ដល់គ្រហស្ថទាំងឡាយ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣ យ៉ាង គឺ តាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចានិងចិត្ដ ១ តាំងឡើងអំពីវាចា មិនតាំងឡើងអំពីកាយនិងចិត្ដ ១ តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដ១។បេ។
[៦៨] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលប្រាប់ទុដ្ឋុល្លាបត្ដិរបស់ភិក្ខុផងគ្នាដល់អនុបសម្ប័ន្ន ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុ ប្រាប់ទុដ្ឋុល្លាបត្ដិរបស់ភិក្ខុផងគ្នាដល់អនុបសម្ប័ន្ន។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង (ដូចសមុដ្ឋាននៃអទិន្នាទាន)។បេ។
ID: 636801474407012950
ទៅកាន់ទំព័រ៖