ព្រះត្រៃបិដក ភាគ ១២
[៨៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលពោលថា ភិក្ខុទាំងឡាយទូន្មានពួកភិក្ខុនីព្រោះហេតុតែអាមិសៈ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះ រឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុពោលថា ភិក្ខុទាំងឡាយទូន្មានពួកភិក្ខុនីព្រោះ ហេតុតែអាមិសៈ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង។បេ។
[៨៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលឱ្យចីវរដល់ភិក្ខុនីមិនមែនជាញាតិ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុមួយរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុមួយរូបបានឱ្យចីវរ ដល់ភិក្ខុនីដែលមិនមែនជាញាតិ។ សិក្ខាបទនោះមានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
ID: 636801478371089682
ទៅកាន់ទំព័រ៖