ព្រះត្រៃបិដក ភាគ ១២
សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ៧។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។បេ។
[៩៥] ភិក្ខុត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះឆាន់បរម្បរភោជន ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងវេសាលី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច ព្រោះរឿងភិក្ខុច្រើនរូប ដែលគេនិមន្ដទៅក្នុងទីដទៃហើយ បែរជាទៅឆាន់ក្នុងទីឯទៀតវិញ (ក្រៅអំពីទីនិមន្ដនោះ)។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ៣។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។បេ។
[៩៦] ភិក្ខុទទួលនំកំណត់ត្រឹមពេញពីរបាត្រ ឬបីបាត្រ គួរ តែបើ ទទួលឱ្យលើសកំណត់នោះទៅ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលដូចម្តេច។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុ ច្រើនរូប មិនដឹងប្រមាណហើយចេះតែទទួល។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង៦។បេ។
ID: 636801480064176521
ទៅកាន់ទំព័រ៖