ព្រះត្រៃបិដក ភាគ ១២
ទ្រង់ប្រារព្ធនឹងពួកសត្ដរសវគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកសត្ដរសវគ្គិយភិក្ខុនាំគ្នាលេងទឹកក្នុងស្ទឹងអចិរវតី។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។បេ។
[១១៨] ភិក្ខុត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះមិនអើពើ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឆន្នៈមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលព្រះឆន្នៈមានអាយុធ្វើសេចក្ដីមិនអើពើ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។ បេ។
[១១៩] ភិក្ខុបន្លាចភិក្ខុផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុបន្លាចភិក្ខុផងគ្នា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
ID: 636801512898454534
ទៅកាន់ទំព័រ៖