ព្រះត្រៃបិដក ភាគ ១២
[១២៩] ភិក្ខុដឹងហើយបិទបាំងទុដ្ឋុល្លាបត្ដិរបស់ភិក្ខុផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុមួយរូប ដឹងហើយបិទបាំងទុដ្ឋុល្លាបត្ដិ របស់ភិក្ខុផងគ្នា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើង អំពីកាយនិងវាចានិងចិត្ដ។ បេ។
[១៣០] ភិក្ខុដឹងហើយ ឱ្យឧបសម្បទាដល់បុគ្គលដែលមានវស្សាមិនគ្រប់២០ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូបបានដឹងហើយ ឱ្យឧបសម្បទាដល់បុគ្គលដែលមានវស្សាមិនគ្រប់២០។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំង ឡើងដោយសមុដ្ឋាន ៣។ បេ។
ID: 636801516196523173
ទៅកាន់ទំព័រ៖