ព្រះត្រៃបិដក ភាគ ១២
[១៦២] សួរថា សិក្ខាបទណាមានឈ្មោះថាបាដិទេសនីយៈ ដែលព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ(នូវអំណាចប្រយោជន៍ទាំង១០) បានបញ្ញត្ដហើយ ដល់ភិក្ខុដែលទទួលខាទនីយៈ ឬភោជនីយៈដោយដៃរបស់ខ្លួន អំពីដៃភិក្ខុនីមិនមែនជាញាតិ ដែលចូលទៅកាន់ចន្លោះស្រុក សិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុមួយរូប ទទួលអាមិសៈ អំពីដៃភិក្ខុនីមិនមែនជាញាតិ ដែលចូលទៅចន្លោះស្រុក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ គឺតាំងឡើងអំពីកាយ មិនបានតាំងឡើងអំពីវាចានិងចិត្ដក៏មាន តាំងឡើង អំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន។បេ។
[១៦៣] ភិក្ខុមិនបានឃាត់ភិក្ខុនីដែលកំពុងបង្គាប់បញ្ជា ហើយឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។
ID: 636801522497133547
ទៅកាន់ទំព័រ៖