ព្រះត្រៃបិដក ភាគ ១២
[២៤៥] ភិក្ខុកាន់យកទ្រព្យដែលគេមិនឱ្យ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុកាន់យកទ្រព្យ ដែលគេមិនឱ្យ ត្រូវអាបត្ដិ៣ គឺកាន់យកទ្រព្យ ដែលគេមិនឱ្យ គួរដល់ថ្លៃ៥ មាសកក្ដី លើសពី ៥ មាសកក្ដី ដោយថេយ្យចិត្ដ ត្រូវអាបត្ដិបារាជិក កាន់យកទ្រព្យដែលគេមិនឱ្យ គួរដល់ថ្លៃលើសពី ១ មាសកក្ដី ខ្វះពី៥មាសកក្ដី ដោយថេយ្យចិត្ដ ត្រូវអាបត្ដិថុល្លច្ច័យ កាន់យកទ្រព្យដែលគេមិនឱ្យ គួរដល់ថ្លៃ១មាសកក្ដី ខ្វះពី១មាសកក្ដី ដោយថេយ្យចិត្ដ ត្រូវអាបត្ដិទុក្កដ ភិក្ខុកាន់យកទ្រព្យដែលគេមិនឱ្យត្រូវអាបត្ដិ៣នេះឯង។
[២៤៦] ភិក្ខុ ក្លែងផ្ដាច់បង់រាងកាយរបស់មនុស្ស ឱ្យធ្លាក់ចុះចាកជីវិត ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុ ក្លែងផ្ដាច់បង់រាងកាយរបស់មនុស្ស ឱ្យធ្លាក់ចុះចាកជីវិត ត្រូវអាបត្ដិ៣យ៉ាងគឺ ជីករណ្ដៅចំពោះមនុស្ស ដោយប៉ុនប៉ងថា អ្នកណានីមួយនឹងធ្លាក់ស្លាប់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ កាលបើមនុស្សនោះ ធ្លាក់ទៅហើយកើតទុក្ខវេទនាឡើង ត្រូវអាបត្ដិថុល្លច្ច័យ (បើ) មនុស្សនោះស្លាប់ ត្រូវអាបត្ដិបារាជិក ភិក្ខុក្លែងផ្ដាច់បង់ជីវិតរបស់មនុស្ស ត្រូវអាបត្ដិ៣នេះឯង។
ID: 636801537434357908
ទៅកាន់ទំព័រ៖