ព្រះត្រៃបិដក ភាគ ១២
[៣១៦] ភិក្ខុដេរចីវរឱ្យភិក្ខុនីដែលមិនមែនជាញាតិ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងដេរ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗថ្នេរ (ដែលដេរ)។
[៣១៧] ភិក្ខុបបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងដើរទៅ លុះដើរទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣១៨] ភិក្ខុបបួលភិក្ខុនីឡើងជិះទូកមួយជាមួយគ្នា ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងឡើងជិះ លុះឡើងជិះ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣១៩] ភិក្ខុដឹងហើយ ឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ត្រូវអាបត្ដិ២គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ ៗ វារៈដែលលេបចូលទៅ។
[៣២០] ភិក្ខុមួយរូប សម្រេចការអង្គុយក្នុងទីកំបាំងជាមួយនឹងភិក្ខុនីតែមួយរូប ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងអង្គុយ លុះអង្គុយត្រូវអាបត្ដិបាចិត្ដិយៈ។
ចប់ ឱវាទវគ្គ ទី៣។
ID: 636801545241324441
ទៅកាន់ទំព័រ៖