ព្រះត្រៃបិដក ភាគ ១២
[៣៧៥] ភិក្ខុមិនលាភិក្ខុផងគ្នាដែលមាននៅ ចូលទៅកាន់ស្រុក ក្នុងវេលាវិកាល ត្រូវអាបត្ដិ ២ គឺ ឈានជំហាន ទី ១ ឱ្យកន្លងហួស របងទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានទី២ ឱ្យកន្លងទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៧៦] ភិក្ខុឱ្យគេធ្វើបំពុងម្ជុលនឹងឆ្អឹងក្ដី ភ្លុកក្ដី ស្នែងក្ដី ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៧៧] ភិក្ខុឱ្យគេធ្វើគ្រែក្ដី តាំងក្ដី ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៧៨] ភិក្ខុឱ្យគេធ្វើគ្រែក្ដី តាំងក្ដី ញាត់ដោយសំឡី
(១) ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៣៧៩] ភិក្ខុឱ្យគេធ្វើនិសីទនៈ ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើ រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
(១) មើលក្នុងមហាវិភង្គភាគទី ៤ ត្រង់រតនវគ្គ សិក្ខាបទទី៦ បព្វៈ ៣៧៨ ទំព័រ ៣៩០។
ID: 636801566231315000
ទៅកាន់ទំព័រ៖