ព្រះត្រៃបិដក ភាគ ១២
[៤៦៩] បារាជិកសិក្ខាបទណា ដែលព្រះមានព្រះភាគ អរហន្ដ សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺសេពមេថុនធម្ម បារាជិកសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ព្រោះរឿងដូចម្ដេច។បេ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។ បារាជិកសិក្ខាបទណា ដែលព្រះមានព្រះភាគ អរហន្ដ សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដ ព្រោះបច្ច័យគឺសេពមេថុនធម្ម បារាជិកសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងវេសាលី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងសុទិន្នភិក្ខុ ជាកូននៃកលន្ទសេដ្ឋី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលសុទិន្នភិក្ខុ ជាកូននៃកលន្ទសេដ្ឋី សេពមេថុនធម្មនឹងស្ដ្រី ជាប្រពន្ធពីដើម។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិឬទេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ២ ឯអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះឡើយ។ សិក្ខាបទនោះ ជា សព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។
ID: 636801576455189772
ទៅកាន់ទំព័រ៖