ព្រះត្រៃបិដក ភាគ ១២
បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយ សមុដ្ឋាន៣យ៉ាង។ បេ។
[១៨] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុ(អ្នកព្យាយាម) បំបែកសង្ឃ ដែលសង្ឃបានសូត្រសមនុភាសនកម្មអស់វារៈ៣ ដងហើយ នៅតែមិនលះបង់ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដ ក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវភិក្ខុឈ្មោះ ទេវទត្ដ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលទេវទត្ដភិក្ខុព្យាយាម ដើម្បីបំបែកសង្ឃ ដែលព្រមព្រៀងគ្នា។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន ១ គឺតាំងឡើងអំពីកាយវាចាចិត្ដ។ បេ។
[១៩] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុទាំងឡាយ អ្នកប្រព្រឹត្ដតាមនូវភិក្ខុដែល (ព្យាយាម) បំបែកសង្ឃ សង្ឃបានសូត្រសមនុភាសនកម្មអស់វារៈ៣ ដង នៅតែមិនលះបង់ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុ ទាំងឡាយច្រើនរូប ប្រព្រឹត្ដតាមទេវទត្ដ ជាអ្នកព្យាយាមដើម្បីបំបែកសង្ឃ។
ID: 636801463070724551
ទៅកាន់ទំព័រ៖