ព្រះត្រៃបិដក ភាគ ១២
ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលថុល្លនន្ទាភិក្ខុនីជាអ្នកប្ដឹងផ្ដល់។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិដែរឬ។ មានតែបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះឡើយ។ (សិក្ខាបទនោះ) ជា សព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៤ ចាត់ចូលក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ចាត់ចូលក្នុងនិទានុទ្ទេស រាប់បញ្ចូលក្នុងនិទានុទ្ទេស។ មកកាន់ឧទ្ទេស ត្រង់ឧទ្ទេសណា។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី៣។ បណ្ដាវិបត្ដិទាំង៤ ចាត់ជាវិបត្ដិអ្វី។ ចាត់ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ ចាត់ជាកងនៃអាបត្ដិណា។ ចាត់ជាកងនៃអាបត្ដិសង្ឃាទិសេស។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ តាំងឡើងដោយសមុដ្ឋាន២ គឺតាំងឡើងអំពីកាយ និងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយអំពីវាចានិងចិត្ដក៏មាន។បេ។ (សិក្ខាបទនោះ) លោកណាបាននាំមក។ ព្រះថេរៈទាំងឡាយនាំតៗគ្នាមក។
ID: 636801654156634040
ទៅកាន់ទំព័រ៖