ព្រះត្រៃបិដក ភាគ ១២
ដោយសមុដ្ឋាន៤ គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដ ក៏មាន តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំងឡើង អំពីកាយវាចានិងចិត្ដក៏មាន។
ចប់ កត្ថប្បញ្ញត្ដិវារៈ ជាបឋម។
[៨០៤] ភិក្ខុ ឬភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយា ត្រេកអរនឹងការចាប់ពាល់កាយ (របស់បុរសបុគ្គល)។ ត្រូវអាបត្ដិ៥ ព្រោះបច្ច័យនៃកិរិយាត្រេកអរ នឹងការប៉ះពាល់កាយ គឺភិក្ខុនីមានតម្រេក ត្រេកអរនឹងការចាប់ពាល់ (នូវសរីរប្រទេស) របស់បុរសបុគ្គលដែលមានតម្រេកដែរ តាំងពីខាងក្រោមដងតាំបិតចុះមកដល់មណ្ឌលជង្គង់ខាងលើ ត្រូវអាបត្ដិបារាជិក ភិក្ខុចាប់ពាល់កាយ (ស្ដ្រី) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្ដិសង្ឃាទិសេស ចាប់ពាល់វត្ថុដែលជាប់នឹងកាយ (ស្ដ្រី) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្ដិថុល្លច្ច័យ ចាប់ពាល់វត្ថុដែលជាប់ដោយកាយ (ស្ដ្រី) ដោយវត្ថុដែលជាប់នឹងកាយ (ខ្លួន) ត្រូវអាបត្ដិទុក្កដ ចាក់ក្រឡេកភិក្ខុផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុនិងភិក្ខុនីត្រូវអាបត្ដិ៥នេះ ព្រោះ បច្ច័យនៃកិរិយាត្រេកអរនឹងការប៉ះពាល់កាយ។
ID: 636801656576712461
ទៅកាន់ទំព័រ៖