ព្រះត្រៃបិដក ភាគ ១២
[៨៦៧] ភិក្ខុត្រូវអាបត្ដិប៉ុន្មានយ៉ាង ដោយសមុដ្ឋាននៃអាបត្ដិទី១។ ត្រូវអាបត្ដិ៥ ដោយសមុដ្ឋាននៃអាបត្ដិទី១ គឺភិក្ខុសម្គាល់ថាគួរ ហើយធ្វើកុដិ ដោយការសូមគេមកដោយខ្លួនឯង តែឥតមានសង្ឃសម្ដែងទីឱ្យ ធ្វើឱ្យហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារៈ ត្រូវអាបត្ដិ ទុក្កដរាល់ប្រយោគ កាលនៅតែបាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ កាលបើបូកបាយអមួយដុំនោះហើយស្រេច ត្រូវអាបត្ដិសង្ឃា ទិសេស។ ភិក្ខុសម្គាល់ថាគួរ ហើយបរិភោគជនីយាហារក្នុងវេលាវិកាល ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុសម្គាល់ថា គួរ ហើយទទួលខាទីយៈ ឬភោជនីយាហារ អំពីដៃភិក្ខុនីមិនមែនជាញាតិ ដែលចូលទៅកាន់ចន្លោះ ផ្ទះ ដោយដៃខ្លួនឯង យកមកបរិភោគ ត្រូវអាបត្ដិបាដិទេសនីយៈ។ ភិក្ខុត្រូវអាបត្ដិទាំង៥នេះ ដោយសមុដ្ឋាននៃអាបត្ដិទី១។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិ ទាំង ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអធិករណ៍អ្វី។ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។
ID: 636801696779091905
ទៅកាន់ទំព័រ៖