ព្រះត្រៃបិដក ភាគ ១២
[៨៧៣] សួរថា សមុដ្ឋានដែលប្រកបដោយកាយ ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិប៉ុន្មាន ដែលតាំងឡើងអំពីកាយនោះ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំសូមសួរសមុដ្ឋាន ដែលកើតអំពីកាយនោះ សូមលោកឆ្លើយមក។ ឆ្លើយថា សមុដ្ឋានដែលប្រកបដោយកាយ ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិដែលតាំងឡើងអំពីកាយនោះ មាន៥កង។ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំនឹងប្រាប់នូវសមុដ្ឋាន ដែលកើតឡើងអំពីកាយនុ៎ះ ដល់លោក។ សមុដ្ឋានដែលប្រកបដោយវាចា ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិប៉ុន្មាន ដែលតាំងឡើងអំពីវាចានោះ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំសូម សួរសមុដ្ឋានដែលកើតអំពីវាចានោះ សូមលោកឆ្លើយមក។
ID: 636801699781983661
ទៅកាន់ទំព័រ៖