ព្រះត្រៃបិដក ភាគ ១២
ឧទ្ទាន គឺបញ្ជីរឿងនៃភូតគាមវគ្គនោះ ដូច្នេះ
[៨១] ភិក្ខុកាប់ដើមឈើ ១ ភិក្ខុញុះញង់ភិក្ខុផងគ្នា ១ ភិក្ខុពោលទោសគ្នា១ ភិក្ខុយកសេនាសនៈ ទៅតាំងទុកក្នុងទីវាល១ យកកម្រាលទៅក្រាលក្នុងវិហារ១ ភិក្ខុចូលទៅដេកជ្រៀតបៀត១ ភិក្ខុទង់ទាញភិក្ខុផងគ្នា១ ភិក្ខុអង្គុយសង្កត់គ្រែ ឬតាំងដែលគេទុកឰដ៏ថ្នាក់ខាងលើ១ ភិក្ខុបូកលាបតម្បូល១ ភិក្ខុដឹងថាទឹកមានសត្វ ហើយស្រោច (ស្មៅឬដី)១។
[៨២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលសង្ឃមិនបានសន្មត ហើយទៅទូន្មានភិក្ខុនី ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុ ដែលសង្ឃមិនបានសន្មតហើយទៅទូន្មានភិក្ខុនី។ បញ្ញត្ដិ អនុប្បញ្ញត្ដិ អនុប្បន្នប្បញ្ញត្ដិ សិក្ខាបទនោះ មានដែរឬទេ។ មានតែបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ ឯអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះទេ។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន ២ យ៉ាង គឺតាំងឡើងអំពីវាចា មិនតាំង ឡើងអំពីកាយនិងចិត្ដ១ តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយ១។បេ។
ID: 636801477468548060
ទៅកាន់ទំព័រ៖