ព្រះត្រៃបិដក ភាគ ១២
ឧទ្ទាននៃភោជនវគ្គនោះ ដូច្នេះ
[១០៣] រឿងភិក្ខុឆាន់ដុំបាយក្នុងផ្ទះសម្នាក់១ រឿងភិក្ខុឆាន់គណភោជន១ រឿងភិក្ខុឆាន់បរម្បរភោជន១ រឿងភិក្ខុទទួលនំបានតែត្រឹមពីរបាត្រឬបីបាត្រ១ រឿងភិក្ខុហាមភោជន១ រឿងភិក្ខុហាមភោជនហើយ ភិក្ខុឯទៀតនាំយកភោជន ទៅបង្ខំឱ្យឆាន់១ រឿងភិក្ខុឆាន់ក្នុងវេលាវិកាល១ រឿងភិក្ខុឆាន់ភោជនដែលខ្លួនសន្សំទុក១ រឿងភិក្ខុសូមបណីតភោជន ដើម្បីប្រយោជន៍ដល់ខ្លួន១ រឿងភិក្ខុឆាន់អាហារសម្រាប់ឆាន់ តាមទ្វារមាត់ដែលគេមិនបានប្រគេន១។
[១០៤] ភិក្ខុ ឱ្យខាទនីយៈ ឬភោជនីយៈដល់អចេលក៏ក្ដី ដល់បរិព្វាជកក្ដី ដល់បរិព្វាជិកាក្ដី ដោយដៃខ្លួនឯង ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះអានន្ទមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះអានន្ទមានអាយុ ឱ្យនំពីរដុំដល់បរិព្វាជិកាម្នាក់ តែសម្គាល់ថាឱ្យនំតែមួយដុំទេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានពីរ (ដូចក្នុងឯឡកលោមសិក្ខាបទ )។បេ។
ID: 636801481608384845
ទៅកាន់ទំព័រ៖