ព្រះត្រៃបិដក ភាគ ១២
[១៣៨] ភិក្ខុពោលតិះដៀលវិន័យ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែកពួកឆព្វគ្គិយភិក្ខុ ពោលតិះដៀលវិន័យ។ សិក្ខាបទនោះ មាន តែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។ បេ។
[១៣៩] ភិក្ខុត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះសង្ឃលើកមោហារោបនកម្មរួចហើយ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ធ្វើជាវង្វេងមិនស្គាល់សិក្ខាបទ(ពើ)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។
[១៤០] ភិក្ខុឱ្យនូវការប្រហារដល់ភិក្ខុផងគ្នា ដោយសេចក្ដីខឹងអាក់អន់ចិត្ដ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុខឹងអាក់អន់ចិត្ដហើយ ឱ្យនូវការប្រហារដល់ភិក្ខុទាំងឡាយ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។
ID: 636801518292753071
ទៅកាន់ទំព័រ៖