ព្រះត្រៃបិដក ភាគ ១៣
សម្បត្តិរបស់កម្ម មាន២យ៉ាងគឺ សម្បត្តិនៃអបលោកនកម្ម១ សម្បត្តិនៃញត្តិកម្ម១។ សម្បត្តិរបស់កម្ម មាន២យ៉ាងដទៃទៀត គឺសម្បត្តិនៃញត្តិទុតិយកម្ម១ សម្បត្តិនៃញត្តិចតុត្ថកម្ម១។ ភូមិនៃភិក្ខុមានសំវាសផ្សេងៗគ្នា មាន២យ៉ាងគឺ ភិក្ខុធ្វើខ្លួនឲ្យមានសំវាសផ្សេងគ្នា ដោយខ្លួនឯង១ សង្ឃព្រមព្រៀងគ្នាលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិក្តី ព្រោះមិនសំដែងអាបត្តិក្តី ព្រោះមិនលះបង់ (ទិដ្ឋិអាក្រក់)ក្តី១។ ភូមិនៃភិក្ខុមានសំវាសស្មើគ្នា មាន២យ៉ាងគឺ ភិក្ខុធ្វើខ្លួនឲ្យមានសំវាសផ្សេងគ្នា ដោយខ្លួនឯង១ សង្ឃព្រមព្រៀងគ្នាសូត្រឱសារណកម្ម ចំពោះភិក្ខុដែលសង្ឃលើកវត្តហើយនោះ ព្រោះមិនឃើញអាបត្តិក្តី ព្រោះមិនសំដែងអាបត្តិក្តី ព្រោះមិនលះបង់ (ទិដ្ឋិអាក្រក់)ក្តី១។
[២៨] បារាជិកមាន២យ៉ាង គឺ បារាជិករបស់ពួកភិក្ខុ១ បារាជិករបស់ពួកភិក្ខុនី១។ សង្ឃាទិសេសមាន២ ថុល្លច្ច័យមាន២ បាចិត្តិយៈមាន២ បាដិទេសនីយៈមាន២ ទុក្កដ មាន២ ទុព្ភាសិតមាន២ គឺរបស់ភិក្ខុ១ របស់ភិក្ខុនី១ រួមជាអាបត្តិ៧ គឺកងនៃអាបត្តិទាំង៧។ សង្ឃបែកធ្លាយ ដោយអាការ២ គឺដោយកម្ម១ ដោយការចាប់ស្លាក១។
ID: 636803447591452644
ទៅកាន់ទំព័រ៖