ព្រះត្រៃបិដក ភាគ ១៣
[១៣៩] អាបត្តាធិករណ៍ ទៅជាកិច្ចាធិករណ៍ ទៅជាវិវាទាធិករណ៍ ទៅជាអនុវាទាធិករណ៍ មានដែរឬទេ។ អាបត្តាធិករណ៍ មិនទៅជាកិច្ចាធិករណ៍ មិនទៅជាវិវាទាធិករណ៍ មិនទៅជាអនុវាទាធិករណ៍ទេ។ ប៉ុន្តែកិច្ចាធិករណ៍ វិវាទាធិករណ៍ និងអនុវាទាធិករណ៍ តែងកើតមាន ព្រោះតែបច្ច័យនៃអាបត្តាធិករណ៍។ មានសេចក្តីអធិប្បាយដូចម្តេច។ (មានសេចក្តីអធិប្បាយថា) កងនៃអាបត្តិទាំង៥ ក៏ហៅថា អាបត្តាធិករណ៍ កងនៃអាបត្តិទាំង៧ ក៏ហៅថា អាបត្តាធិករណ៍ នេះដែលព្រះសាស្តា ត្រាស់ហៅថា អាបត្តាធិករណ៍។ សង្ឃជជែកគ្នា ព្រោះអាបត្តាធិករណ៍ ហៅថា វិវាទាធិករណ៍។ កាលដែលជជែកទាំងចោទផង ហៅថា អនុវាទាធិករណ៍។ កាលដែលចោទ ត្រូវអាបត្តិ (ខ្លួនឯង) ហៅថា អាបត្តាធិករណ៍។ សង្ឃធ្វើកម្ម ព្រោះអាបត្តិនោះ ហៅថា កិច្ចាធិករណ៍។ កិច្ចាធិករណ៍ វិវាទាធិករណ៍ និងអនុវាទាធិករណ៍ តែងកើតមាន ព្រោះបច្ច័យនៃអាបត្តាធិករណ៍ ដូចបានអធិប្បាយមកយ៉ាងនេះ។
ID: 636803493755683087
ទៅកាន់ទំព័រ៖