ព្រះត្រៃបិដក ភាគ ១៣
[១៤០] កិច្ចាធិករណ៍ ទៅជាវិវាទាធិករណ៍ ទៅជាអនុវាទាធិករណ៍ ទៅជាអាបត្តាធិករណ៍ មានដែរឬទេ។ កិច្ចាធិករណ៍ មិនទៅជាវិវាទាធិករណ៍ មិនទៅជាអនុវាទាធិករណ៍ មិនទៅជាអាបត្តាធិករណ៍ទេ។ ប៉ុន្តែវិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្តាធិករណ៍ តែងកើតមាន ព្រោះតែបច្ច័យនៃអាបត្តាធិករណ៍។ មានសេចក្តីអធិប្បាយដូចម្តេច។ (មានសេចក្តីអធិប្បាយថា) កិច្ចរបស់សង្ឃ ឬកម្មដែលសង្ឃត្រូវធ្វើណា គឺអបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១ នេះដែលព្រះសាស្តា ត្រាស់ហៅថា កិច្ចាធិករណ៍។ សង្ឃជជែកគ្នា ព្រោះកិច្ចាធិករណ៍ ហៅថា វិវាទាធិករណ៍។ កាលដែលជជែកទាំងចោទផង ហៅថា អនុវាទាធិករណ៍។ កាលដែលចោទ ត្រូវអាបត្តិ (ខ្លួនឯង) ហៅថា អាបត្តាធិករណ៍។ សង្ឃធ្វើកម្ម ព្រោះអាបត្តិនោះ ហៅថា កិច្ចាធិករណ៍។ វិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្តាធិករណ៍ តែងកើតមាន ព្រោះបច្ច័យនៃកិច្ចាធិករណ៍ ដូចបានអធិប្បាយមកយ៉ាងនេះ។
ID: 636803493994386740
ទៅកាន់ទំព័រ៖