ព្រះត្រៃបិដក ភាគ ១៣
[២៩] បុគ្គលដែលភិក្ខុមិនត្រូវឲ្យឧបសម្បទា មាន២ពួក គឺ បុគ្គលសាបសូន្យចាកកាល១ បុគ្គលសាបសូន្យចាកអវយវៈ១។ បុគ្គលដែលភិក្ខុមិនត្រូវឲ្យឧបសម្បទា មាន២ពួកដទៃទៀត គឺ បុគ្គលជាវត្ថុវិបត្តិ១ បុគ្គលធ្លាប់ធ្វើអំពើអាក្រក់១។ បុគ្គលដែលភិក្ខុមិនត្រូវឲ្យឧបសម្បទា មាន២ពួកដទៃទៀត គឺ បុគ្គលមាន (បរិក្ខារ) មិនគ្រប់គ្រាន់១ បុគ្គលមាន (បរិក្ខារ) គ្រប់គ្រាន់ហើយ តែមិនសូម (ឧបសម្បទា)១។ ភិក្ខុមិនត្រូវនៅអាស្រ័យនឹងបុគ្គល២ពួក គឺ បុគ្គលជាអលជ្ជី១ បុគ្គលពាល១។ ភិក្ខុមិនត្រូវឲ្យនិស្ស័យ ដល់បុគ្គល២ពួក គឺ បុគ្គលជាអលជ្ជី១ បុគ្គលជាលជ្ជី តែមិនបានសូម១។ ភិក្ខុត្រូវឲ្យនិស្ស័យ ដល់បុគ្គល២ពួក គឺ បុគ្គលល្ងង់១ បុគ្គលជាលជ្ជី ហើយបានសូម១។ បុគ្គលដែលមិនគួរត្រូវអាបត្តិ មាន២គឺ ព្រះពុទ្ធ១ ព្រះបច្ចេកពុទ្ធ១។ បុគ្គលដែលគួរនឹងត្រូវអាបត្តិមាន២គឺ ភិក្ខុ១ ភិក្ខុនី១។ បុគ្គលមិនគួរនឹងត្រូវអាបត្តិ ព្រោះក្លែង មាន២គឺ ភិក្ខុ១ ភិក្ខុនី១ ដែលជាអរិយបុគ្គល។ បុគ្គលដែលគួរនឹងត្រូវអាបត្តិ ព្រោះក្លែង មាន២គឺ ភិក្ខុ១ ភិក្ខុនី១ ដែលជាបុថុជ្ជន។ បុគ្គលមិនគួរនឹងប្រព្រឹត្តកន្លងវត្ថុ ដែលប្រកបដោយទោសយ៉ាងធំ ព្រោះក្លែង មាន២គឺ ភិក្ខុ១ ភិក្ខុនី១ ដែលជាព្រះអរិយបុគ្គល។ បុគ្គលគួរនឹងប្រព្រឹត្តកន្លងនូវវត្ថុ ដែលប្រកបដោយទោសយ៉ាងធំ ព្រោះក្លែង មាន២គឺ ភិក្ខុ១ ភិក្ខុនី១ ដែលជាបុថុជ្ជន។
ID: 636803447848347338
ទៅកាន់ទំព័រ៖