ព្រះត្រៃបិដក ភាគ ១៣
[៣០] ការហាមឃាត់មាន២យ៉ាង គឺ ហាមឃាត់ដោយកាយ១ ហាមឃាត់ដោយវាចា១។ ការសូត្រនិស្សារណាកម្មមាន២យ៉ាងគឺ បុគ្គលមិនដល់និស្សារណាកម្មនៅឡើយ តែបើសង្ឃសូត្រនិស្សារណាកម្មចំពោះបុគ្គលនោះ បុគ្គលពួកខ្លះ ឈ្មោះថាសង្ឃសូត្រនិស្សារណាកម្មហើយដោយល្អ១ បុគ្គលពួកខ្លះ ឈ្មោះថា សង្ឃសូត្រនិស្សារណាកម្មដោយអាក្រក់១។ ការសូត្រឱសារណាកម្មមាន២យ៉ាងគឺ បុគ្គលមិនទាន់ដល់ឱសារណាកម្មនៅឡើយ តែបើសង្ឃសូត្រឱសារណាកម្ម ចំពោះបុគ្គលនោះ បុគ្គលពួកខ្លះ ឈ្មោះថា សង្ឃសូត្រឱសារណាកម្មហើយដោយល្អ១ បុគ្គលពួកខ្លះ ឈ្មោះថា សង្ឃសូត្រឱសារណាកម្មហើយដោយអាក្រក់១។ ការប្តេជ្ញា មាន២យ៉ាងគឺ ប្តេជ្ញាដោយកាយ១ ប្តេជ្ញាដោយវាចា១។ ការទទួលមាន២យ៉ាងគឺ ទទួលដោយកាយ១ ទទួលដោយវត្ថុដែលជាប់នឹងកាយ១។ ការឃាត់មាន២យ៉ាងគឺ ឃាត់ដោយកាយ១ ឃាត់ដោយវាចា១។ ការបៀតបៀនមាន២យ៉ាងគឺ បៀតបៀនសិក្ខា១ បៀតបៀនគ្រឿងបរិភោគ (ជារបស់សង្ឃ ឬបុគ្គល)១។ ការចោទមាន២យ៉ាងគឺ ចោទដោយកាយ១ ចោទដោយវាចា១។
ID: 636803448196957277
ទៅកាន់ទំព័រ៖