ព្រះត្រៃបិដក ភាគ ១៣
ចោទនាកណ្ឌ
[១៦០] វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទថា ម្នាលអាវុសោ លោកចោទភិក្ខុនេះ ដោយហេតុណា លោកចោទភិក្ខុនោះ ព្រោះទោសអ្វី លោកចោទដោយសីលវិបត្តិ ដោយអាចារវិបត្តិ ឬចោទដោយទិដ្ឋិវិបត្តិ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ខ្ញុំចោទដោយសីលវិបត្តិក្តី ខ្ញុំចោទដោយអាចារវិបត្តិក្តី ខ្ញុំចោទដោយទិដ្ឋិវិបត្តិក្តី។ ត្រូវវិន័យធរសួរភិក្ខុនោះយ៉ាងនេះថា លោកមានអាយុស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់ទិដ្ឋិវិបត្តិដែរឬទេ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់ទិដ្ឋិវិបត្តិដែរ។ ត្រូវវិន័យធរ សួរភិក្ខុអ្នកចោទនោះយ៉ាងនេះថា ម្នាលអាវុសោ ចុះដូចម្តេចហៅថា សីលវិបត្តិ ដូចម្តេចហៅថា អាចារវិបត្តិ ដូចម្តេចហៅថា ទិដ្ឋិវិបត្តិ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា បារាជិក៤ និងសង្ឃាទិសេស១៣នេះ ហៅថា សីលវិបត្តិ ថុល្លច្ច័យ បាចិត្តិយៈ បាដិទេសនីយៈ ទុក្កដ និងទុព្ភាសិត នេះហៅថា អាចារវិបត្តិ
ID: 636803500351050321
ទៅកាន់ទំព័រ៖