ព្រះត្រៃបិដក ភាគ ១៣

សង្ឃ​ត្រូវ​ប្រតិបត្តិ​យ៉ាងនេះ​។​ ​ត្រង់​ពាក្យសួរ​ថា​ ​វិន័យធរ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ឆ្លើយ​ថា​ ​អធិករណ៍​នោះ​ ​តែង​រម្ងាប់​បាន​ដោយ​ធម៌​ណា​ ​ដោយ​វិន័យ​ណា​ ​ដោយ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ណា​ ​វិន័យធរ​ ​ត្រូវ​រម្ងាប់​អធិករណ៍​នោះ​ឯង​ ​ដោយ​ធម៌​នោះ​ៗ​ចុះ​។​ ​វិន័យធរ​ត្រូវ​ប្រតិបត្តិ​យ៉ាងនេះ​ឯង​។​
​[​១៦៤​]​ ​សួរ​ថា​ ​ការ​ធ្វើ​ឧបោសថ​ ​ដើម្បី​ប្រយោជន៍អ្វី​ ​ធ្វើ​បវារណា​ ​ដើម្បីអ្វី​ ​ធ្វើ​បរិវាស​ ​ដើម្បី​ប្រយោជន៍អ្វី​ ​ធ្វើការ​ទាញ​ភិក្ខុ​មក​ដាក់​ក្នុង​មូលា​បត្តិ​ដើម្បីអ្វី​ ​ការប្រព្រឹត្ត​មានត្ត​ ​ដើម្បី​ប្រយោជន៍អ្វី​ ​ធ្វើ​អព្ភានកម្ម​ ​ដើម្បីអ្វី​។​ ​ឆ្លើយ​ថា​ ​ធ្វើ​ឧបោសថ​ដើម្បី​ប្រយោជន៍ឲ្យ​សង្ឃ​ព្រមព្រៀង​គ្នា​ ​ធ្វើ​បវារណា​ ​ដើម្បី​ប្រយោជន៍ឲ្យ​សង្ឃ​ស្អាត​ដោយ​វិសេស​ ​ធ្វើ​បរិវាស​ ​ដើម្បី​ប្រយោជន៍​ដល់​មានត្ត​ ​ធ្វើការ​ទាញ​ភិក្ខុ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ដើម្បី​ប្រយោជន៍នឹង​សង្កត់សង្កិន​ ​(​នូវ​បរិវាសិ​ក​ភិក្ខុ​ឲ្យ​រាងចាល​)​ ​ការប្រព្រឹត្ត​មានត្ត​ ​ដើម្បី​ប្រយោជន៍​ដល់​អព្ភានកម្ម​ ​ធ្វើ​អព្ភានកម្ម​ ​ដើម្បី​ប្រយោជន៍​ ​នឹង​ឲ្យ​ភិក្ខុ​នោះ​ស្អាត​បរិសុទ្ធ​។​ ​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636803502330343530
ទៅកាន់ទំព័រ៖