ព្រះត្រៃបិដក ភាគ ១៣
ត្រូវស្ទង់មើលអ្នកចោទមិនត្រូវតាមធម៌ ត្រូវស្ទង់មើលអ្នកជាប់ចោទមិនត្រូវតាមធម៌ ត្រូវស្ទង់មើលអ្នកចោទត្រូវតាមធម៌ ត្រូវស្ទង់មើលអ្នកជាប់ចោទត្រូវតាមធម៌ កុំបំបាត់ពាក្យអ្នកចោទ និងអ្នកជាប់ចោទ ដែលនិយាយមកហើយ កុំប្រកាសផ្សាយពាក្យដែលអ្នកចោទ និងអ្នកជាប់ចោទ មិនទាន់បាននិយាយ ត្រូវរៀនបទ និងព្យញ្ជនៈ ដែលទាក់ទងគ្នា ឲ្យចេះចាំល្អ ហើយសួរបុគ្គលដទៃសិន សឹមវិនិច្ឆ័យសេចក្តីតាមពាក្យប្តេជ្ញា ត្រូវធ្វើអ្នកមានបញ្ញាទន់ឲ្យរីករាយ ត្រូវធ្វើអ្នកដែលមានសេចក្តីភិតភ័យឲ្យស្រួលចិត្ត ត្រូវគំរាមបុគ្គលដែលកាច ត្រូវឲ្យបុគ្គលដែលជាអលជ្ជីសំដែងអាបត្តិចេញ ត្រូវមានចិត្តត្រង់ មានចិត្តទន់ កុំលុះឆន្ទាគតិ កុំលុះទោសាគតិ កុំលុះមោហាគតិ កុំលុះភយាគតិ ត្រូវជាអ្នកមានខ្លួនតាំងនៅជាកណ្តាលចំពោះធម៌ផង ចំពោះបុគ្គលផង។ កាលបើវិន័យធរ បានវិនិច្ឆ័យតាមទំនងយ៉ាងនេះហើយ ឈ្មោះថា ជាអ្នកធ្វើសាសនារបស់ព្រះសាស្តា (ឲ្យរុងរឿង)ផង ឈ្មោះថា ជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរនៃសព្រហ្មចារីបុគ្គលទាំងឡាយ ដែលជាអ្នកចេះដឹងផង។
ID: 636803505882156682
ទៅកាន់ទំព័រ៖