ព្រះត្រៃបិដក ភាគ ១៣
មហាសង្គាម
[១៧០] ភិក្ខុអ្នកចូលទៅកាន់សង្គ្រាម កាលបើនិយាយ ក្នុងជំនុំសង្ឃ ត្រូវស្គាល់វត្ថុ ស្គាល់វិបត្តិ ស្គាល់អាបត្តិ ស្គាល់និទាន ស្គាល់អាការ ស្គាល់ពាក្យខាងដើម និងពាក្យខាងចុង ស្គាល់កម្មដែលគួរធ្វើ និងមិនគួរធ្វើ ស្គាល់កម្ម ស្គាល់អធិករណ៍ ស្គាល់សមថៈ កុំលុះឆន្ទាគតិ កុំលុះទោសាគតិ កុំលុះមោហាគតិ កុំលុះភយាគតិ ត្រូវពន្យល់អ្នកដទៃឲ្យយល់ព្រម ក្នុងទីដែលគួរឲ្យយល់ ត្រូវពិចារណាហេតុ និងមិនមែនហេតុ ក្នុងទីដែលគួរពិចារណា សំឡឹងមើលក្នុងទីដែលគួរសំឡឹងមើល ត្រូវញុំាងបុគ្គលដទៃឲ្យជ្រះថ្លាក្នុងទីដែលគួរឲ្យជ្រះថ្លា កុំគប្បីមើលងាយពួកជនដទៃ ដោយគិតថា អាត្មាអញបានបក្ខពួកហើយ កុំមើលងាយអ្នកចេះដឹងតិច ដោយគិតថា អាត្មាអញជាអ្នកចេះដឹងច្រើន កុំមើលងាយភិក្ខុខ្ចី ដោយគិតថា អាត្មាអញជាថេរៈចាស់ជាង កុំពោលនូវហេតុដែលមិនទាន់មកដល់ កុំញុំាងហេតុដែលមកដល់ហើយ ឲ្យវិនាសចាកធម៌ ចាកវិន័យ អធិករណ៍នោះរម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅរបស់ព្រះសាស្តាណា គប្បីរម្ងាប់អធិករណ៍នោះ ដោយធម៌ជាដើមនោះៗចុះ។
ID: 636803507494868924
ទៅកាន់ទំព័រ៖