ព្រះត្រៃបិដក ភាគ ១៣
[២០១] ត្រង់ពាក្យថា អ្នកបានឃើញដូចម្តេច គឺបានដល់ពាក្យសួរថាដូចម្តេច ត្រង់ពាក្យថា អ្នកបានឃើញអំពីហេតុដូចម្តេច គឺបានដល់ពាក្យសួរថាដូចម្តេច ត្រង់ពាក្យថា អ្នកបានឃើញពីកាលណា គឺបានដល់ពាក្យសួរថាដូចម្តេច ត្រង់ពាក្យថា អ្នកបានឃើញក្នុងទីណា គឺបានដល់ពាក្យសួរថាដូចម្តេច។
[២០២] ត្រង់ពាក្យដែលថា បានឃើញដូចម្តេច គឺបានដល់វត្ថុបុច្ឆា១ វិបត្តិបុច្ឆា១ អាបត្តិបុច្ឆា១ អជ្ឈាចារបុច្ឆា១។ ត្រង់ពាក្យថា វត្ថុបុច្ឆា គឺបានដល់ពាក្យសួរ អំពីវត្ថុនៃបារាជិក៨ សួរវត្ថុនៃសង្ឃាទិសេស២៣ សួរវត្ថុនៃអនិយតៈ២ សួរវត្ថុនៃនិស្សគ្គិយៈ៤២ សួរវត្ថុនៃបាចិត្តិយៈ១៨៨ សួរវត្ថុនៃបាដិទេសនីយៈ១២ សួរវត្ថុនៃទុក្កដទាំងឡាយ សួរវត្ថុនៃទុព្ភាសិតទាំងឡាយ។ ត្រង់ពាក្យថា វិបត្តិបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីសីលវិបត្តិ សួរអំពីអាចារវិបត្តិ សួរអំពីទិដ្ឋិវិបត្តិ សួរអំពីអាជីវវិបត្តិ។ ត្រង់ពាក្យថា អាបត្តិបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីអាបត្តិបារាជិក សួរអំពីអាបត្តិសង្ឃាទិសេស សួរអំពីអាបត្តិថុល្លច្ច័យ សួរអំពីអាបត្តិបាចិត្តិយៈ សួរអំពីអាបត្តិបាដិទេសនីយៈ សួរអំពីអាបត្តិទុក្កដ សួរអំពីអាបត្តិទុព្ភាសិត។ ត្រង់ពាក្យថា អជ្ឈាចារបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីការប្រសព្វរបស់ជនពីរៗនាក់។
ID: 636804071682738624
ទៅកាន់ទំព័រ៖