ព្រះត្រៃបិដក ភាគ ១៣

ឧបាលិ​បញ្ចកៈ​


 [​២៤៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​ជា​អារាម​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​លំដាប់នោះ​ ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​មិន​ត្រូវ​នៅ​ដោយ​ឥត​និស្ស័យ​ ​អស់១ជីវិត​បាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​មិន​ត្រូវ​នៅ​ដោយ​ឥត​និស្ស័យ​ ​អស់១ជីវិត​បានទេ​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​មិន​ស្គាល់​ឧបោសថ១​ ​មិន​ស្គាល់​ឧបោសថកម្ម១​ ​មិន​ចេះ​បាតិមោក្ខ១​ ​មិន​ស្គាល់​បា​តិ​មោក្ខុ​ទ្ទេស១​ ​មាន​វស្សា​ថយ​ពី​ប្រាំ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​មិន​ត្រូវ​នៅ​ដោយ​ឥត​និស្ស័យ​ដរាបដល់​អស់ជីវិត​បាន​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​គួរ​នឹង​នៅ​ ​ដោយ​ឥត​និស្ស័យ​ ​អស់១ជីវិត​បាន​។​ ​អង្គ​ទាំង៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ស្គាល់​ឧបោសថ១​ ​ស្គាល់​ឧបោសថកម្ម១​ ​ចេះ​បាតិមោក្ខ១​ ​ស្គាល់​បា​តិ​មោក្ខុ​ទ្ទេស១​ ​មាន​វស្សា​គ្រប់៥​ ​ឬ​ជាង៥វស្សា​ឡើង​ទៅ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​គួរ​នៅ​ដោយ​ឥត​និស្ស័យ​ ​អស់១ជីវិត​បាន​។​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636804083784100782
ទៅកាន់ទំព័រ៖