ព្រះត្រៃបិដក ភាគ ១៣
នាំឲ្យជនច្រើនគ្នាពេញចិត្តផង នាំឲ្យជនច្រើនគ្នាចូលចិត្តផង។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកពុំបាននិយាយសង្កត់សង្កិន (ព្រោះអាស្រ័យមានះ)១ បានសូមឱកាសជាមុន ទើបនិយាយ១ ចោទភិក្ខុផងគ្នាឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ កាត់សេចក្តីឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ ព្យាករណ៍តាមសេចក្តីយល់របស់ខ្លួន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំឲ្យជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាពេញចិត្តផង នាំឲ្យជនច្រើនគ្នាចូលចិត្តផង។
[២៥១] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន អានិសង្សនៃការរៀនវិន័យ មានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ អានិសង្សនៃការរៀនវិន័យ មាន៥។ អានិសង្ស៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកចេះគ្រប់គ្រងរក្សាសីលក្ខន្ធ របស់ខ្លួនដោយប្រពៃ១ រមែងបានជាទីពឹងនៃពពួកជន ដែលមានសេចក្តីសង្ស័យ១ ជាអ្នកក្លៀវក្លា និយាយកណ្តាលជំនុំសង្ឃ១ ជាអ្នកសង្កត់សង្កិននូវពួកសត្រូវ ដោយសហធម៌បានដោយងាយ១ ជាអ្នកប្រតិបត្តិដើម្បីឲ្យព្រះសទ្ធម្មឋិតឋេរ១។ ម្នាលឧបាលិ អានិសង្សនៃការរៀនវិន័យ មាន៥នេះឯង។
ចប់ នប្បដិប្បស្សម្ភនវគ្គ ទី២។
ID: 636804088307609512
ទៅកាន់ទំព័រ៖