ព្រះត្រៃបិដក ភាគ ១៣
ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុស្គាល់វត្ថុ១ ស្គាល់និទាន១ ស្គាល់បញ្ញត្តិ១ ស្គាល់សេចក្តីខាងចុង និងខាងដើមបទ១ ស្គាល់គន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃដែរ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀងទៅខាងឆន្ទាគតិ១ លំអៀងទៅខាងទោសាគតិ១ លំអៀងទៅខាងមោហាគតិ១ លំអៀងទៅខាងភយាគតិ១ មិនខ្មាសបាប១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនលំអៀងទៅខាងឆន្ទាគតិ១ មិនលំអៀងទៅខាងទោសាគតិ១ មិនលំអៀងទៅខាងមោហាគតិ១ មិនលំអៀងទៅខាងភយាគតិ១ មានសេចក្តីខ្មាសបាប១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។
ID: 636804090442831640
ទៅកាន់ទំព័រ៖