ព្រះត្រៃបិដក ភាគ ១៣
ចេះសុត្តានុលោម១ ចេះវិន័យ១ ចេះវិនយានុលោម១ ឈ្លាសក្នុងហេតុដែលគួរ និងមិនគួរ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃដែរ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនចេះធម៌១ មិនចេះធម្មានុលោម គឺមហាបទេស ប៉ែកខាងព្រះសូត្រ១ មិនចេះវិន័យ១ មិនចេះវិនយានុលោម១ មិនឈ្លាសក្នុងពាក្យខាងដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុចេះធម៌១ ចេះធម្មានុលោម១ ចេះវិន័យ១ ចេះវិនយានុលោម១ ឈ្លាសក្នុងពាក្យខាងដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។
ចប់ វោហារវគ្គ ទី៣។
ID: 636804091311371318
ទៅកាន់ទំព័រ៖