ព្រះត្រៃបិដក ភាគ ១៣
បពិត្រព្រះអង្គដ៏ចំរើន ការប្រាប់អរហត្តផល មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការប្រាប់អរហត្តផលនេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុប្រាប់អរហត្តផល ព្រោះសេចក្តីល្ងង់វង្វេង១ ភិក្ខុមានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ប្រាប់អរហត្តផល១ ភិក្ខុប្រាប់អរហត្តផល ដោយឆ្កួតអណ្តែតអណ្តូងចិត្ត១ ភិក្ខុប្រាប់អរហត្តផល ដោយសេចក្តីស្មានខុស១ ភិក្ខុប្រាប់អរហត្តផលដែលពិតត្រង់១។ ម្នាលឧបាលិ ការប្រាប់អរហត្តផល មាន៥យ៉ាងនេះឯង។
[២៦៣] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន វិសុទ្ធិ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ វិសុទ្ធិនេះ មាន៥យ៉ាង។ វិសុទ្ធិ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុត្រូវសំដែងនូវនិទាន ហើយសូត្រនូវឧទ្ទេសដ៏សេស ដោយសុតបទ នេះជាវិសុទ្ធិទី១។ ភិក្ខុសំដែងនូវនិទាន ហើយត្រូវសំដែងបារាជិកទាំង៤ ហើយសូត្រនូវឧទ្ទេសដ៏សេស ដោយសុតបទ នេះជាវិសុទ្ធិទី២។ ភិក្ខុសំដែងនូវនិទាន ហើយសំដែងនូវបារាជិកទាំង៤ សំដែងនូវសង្ឃាទិសេសទាំង១៣ ហើយសូត្រនូវឧទ្ទេសដ៏សេស ដោយសុតបទ នេះជាវិសុទ្ធិទី៣។ ភិក្ខុសំដែងនូវនិទាន សំដែងនូវបារាជិកទាំង៤ សំដែងនូវសង្ឃាទិសេសទាំង១៣ សំដែងនូវអនិយតទាំង២ ហើយសូត្រនូវឧទ្ទេសដ៏សេស ដោយសុតបទ
ID: 636804100288554783
ទៅកាន់ទំព័រ៖