ព្រះត្រៃបិដក ភាគ ១៣
ធម៌នុ៎ះ មានដល់អាត្មាអញដែរឬ ឬក៏មិនមានទេ។ ម្នាលឧបាលិ បើភិក្ខុមិនមានវចីសមាចារបរិសុទ្ធ មិនប្រកបដោយវចីសមាចារបរិសុទ្ធ មិនប្រកបដោយវចីសមាចារ មិនធ្លុះធ្លាយ មិនប្រកបដោយវចីសមាចារ មិនមានហេតុគួរឲ្យគេចាប់ថ្នាក់បាន គង់មានអ្នកផងនិយាយដាស់តឿនភិក្ខុនោះថា លោកមានអាយុ ចូរលោកសិក្សាវចីកម្មសិន រមែងមានអ្នកផងនិយាយដាស់តឿន ដល់ភិក្ខុនោះដូច្នេះ១។ ម្នាលឧបាលិ អង្គដទៃទៀត គឺភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា ចិត្តរបស់អាត្មាអញ ប្រកបដោយមេត្តាតម្កល់ចំពោះ មិនមានគំនុំក្នុងពួកសព្រហ្មចារីបុគ្គល ធម៌នុ៎ះ មានដល់អាត្មាអញដែរឬ ឬក៏មិនមានទេ។ ម្នាលឧបាលិ បើចិត្តប្រកបដោយមេត្តាតម្កល់ចំពោះ ជាចិត្តមិនមានគំនុំ ក្នុងពួកសព្រហ្មចារីបុគ្គល មិនមានដល់ភិក្ខុនោះទេ គង់មានអ្នកផងនិយាយដាស់តឿនភិក្ខុនោះថា នែលោកមានអាយុ ចូរលោកតាំងមេត្តាចិត្ត ក្នុងពួកសព្រហ្មចារីបុគ្គលសិន រមែងមានអ្នកផងនិយាយដាស់តឿន ដល់ភិក្ខុនោះដូច្នេះ១។ ម្នាលឧបាលិ អង្គដទៃទៀត គឺភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញ ជាពហុស្សូត ជាអ្នកទ្រទ្រង់ពុទ្ធវចនៈ ជាអ្នកសន្សំពុទ្ធវចនៈហើយឬ ធម៌ទាំងឡាយណា មានពីរោះដើមបទ ពីរោះកណ្តាលបទ ពីរោះចុងបទ
ID: 636804101283751705
ទៅកាន់ទំព័រ៖