ព្រះត្រៃបិដក ភាគ ១៣
អាត្មាអញ នឹងនិយាយពាក្យពិត មិននិយាយពាក្យមិនពិត១ អាត្មាអញ នឹងនិយាយពាក្យផ្អែមល្ហែម មិននិយាយពាក្យទ្រគោះ១ អាត្មាអញ នឹងនិយាយពាក្យប្រកបដោយប្រយោជន៍ មិននិយាយពាក្យឥតប្រយោជន៍១ អាត្មាអញ នឹងមានចិត្តប្រកបដោយមេត្តា ទើបនិយាយ មិននិយាយទៅទាំងចិត្តប្រកបដោយសេចក្តីប្រទូស្ត១។ ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវតាំងធម៌៥យ៉ាងនេះឯង ទុកក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។
[២៦៨] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវធ្វើទុកក្នុងចិត្តនូវធម៌ប៉ុន្មានយ៉ាងក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវធ្វើទុកក្នុងចិត្តនូវធម៌៥យ៉ាង ក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។ ធម៌៥យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីករុណា១ ការស្វែងរកប្រយោជន៍១ សេចក្តីអនុគ្រោះ១ ការចេញចាកអាបត្តិ១ សេចក្តីប៉ុនប៉ងក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវធ្វើទុកក្នុងចិត្តនូវធម៌៥យ៉ាងនេះឯង ទុកក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។
ID: 636804102098118284
ទៅកាន់ទំព័រ៖