ព្រះត្រៃបិដក ភាគ ១៣
[២៨០] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ពៀរមានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ពៀរនេះមាន៥យ៉ាង។ ពៀរ៥យ៉ាង គឺអ្វីខ្លះ។ គឺការញុំាងសត្វមានជីវិតឲ្យធ្លាក់ចុះឲ្យវិនាស១ ការកាន់យកទ្រព្យ ដែលគេមិនឲ្យ១ ការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ១ ការនិយាយកុហក១ ហេតុជាទីតាំងនៃសេចក្តីប្រមាទ ព្រោះផឹកទឹកស្រវឹង គឺសុរា និងមេរ័យ១ ម្នាលឧបាលិ ពៀរមាន៥យ៉ាងនេះឯង។
[២៨១] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន កិរិយាវៀរ មានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ កិរិយាវៀរ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺកិរិយាវៀរចាកការញុំាងសត្វមានជីវិតឲ្យវិនាស១ កិរិយាវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ១ កិរិយាវៀរចាកការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ១ កិរិយាវៀរចាកការនិយាយកុហក១ កិរិយាវៀរចាកហេតុ ជាទីតាំងនៃសេចក្តីប្រមាទ ព្រោះផឹកទឹកស្រវឹង គឺសុរា និងមេរ័យ១។ ម្នាលឧបាលិ កិរិយាវៀរ មាន៥យ៉ាងនេះឯង។
ID: 636804137158253609
ទៅកាន់ទំព័រ៖