ព្រះត្រៃបិដក ភាគ ១៣
[២៨២] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីវិនាស មានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សេចក្តីវិនាស មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីវិនាសញាតិ១ សេចក្តីវិនាសភោគសម្បត្តិ១ សេចក្តីវិនាសព្រោះរោគ១ សេចក្តីវិនាសសីល១ សេចក្តីវិនាសព្រោះទិដ្ឋិ១។ ម្នាលឧបាលិ សេចក្តីវិនាស មាន៥យ៉ាងនេះឯង។
[២៨៣] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សម្បទា គឺសេចក្ដីបរិបូណ៌ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សេចក្តីបរិបូណ៌ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីបរិបូណ៌ដោយញាតិ១ សេចក្តីបរិបូណ៌ដោយភោគសម្បត្តិ១ សេចក្តីបរិបូណ៌ដោយអាការមិនមានរោគ១ សេចក្តីបរិបូណ៌ដោយសីល១ សេចក្តីបរិបូណ៌ដោយទិដ្ឋិត្រូវ១។ ម្នាលឧបាលិ សេចក្តីបរិបូណ៌ មាន៥យ៉ាងនេះឯង។
ចប់ មុសាវាទវគ្គ ទី៧។
ID: 636804137502573303
ទៅកាន់ទំព័រ៖