ព្រះត្រៃបិដក ភាគ ១៣

ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​ភិក្ខុនី​សង្ឃ​ ​ក៏​ត្រូវ​ធ្វើ​កម្ម​ដែរ​ ​គឺ​ភិក្ខុនី​សង្ឃ​ ​មិន​ត្រូវ​ថ្វាយបង្គំ​ភិក្ខុ​នោះ​ឡើយ​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ព្យាយាម​ដើម្បី​មិន​ឲ្យបាន​លាភ​ ​ដល់​ពួក​ភិក្ខុនី១​ ​ព្យាយាម​ ​ដើម្បី​មិន​ឲ្យ​មានប្រយោជន៍​ ​ដល់​ពួក​ភិក្ខុនី១​ ​ព្យាយាម​ ​ដើម្បី​មិន​ឲ្យ​មាន​ទីលំនៅ​ ​ដល់​ពួក​ភិក្ខុនី១​ ​ជេរ​គំរាម​ភិក្ខុនី​ទាំងឡាយ១​ ​ឲ្យ​ពួក​ភិក្ខុ​បែក​ចាក​ពួក​ភិក្ខុនី១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥នេះឯង​ ​ដែល​ភិក្ខុនី​សង្ឃ​ ​ត្រូវ​ធ្វើ​កម្ម​ ​គឺ​ភិក្ខុនី​សង្ឃ​ ​មិន​ត្រូវ​ថ្វាយបង្គំ​ភិក្ខុ​នោះ​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​ក៏​ភិក្ខុនី​សង្ឃ​ ​ត្រូវ​ធ្វើ​កម្ម​ដែរ​ ​គឺ​ភិក្ខុនី​សង្ឃ​ ​មិន​ត្រូវ​ថ្វាយបង្គំ​ភិក្ខុ​នោះ​ឡើយ​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ព្យាយាម​ ​ដើម្បី​មិន​ឲ្យ​មានលាភ​ ​ដល់​ពួក​ភិក្ខុនី១​ ​ព្យាយាម​ ​ដើម្បី​មិន​ឲ្យ​មានប្រយោជន៍​ ​ដល់​ពួក​ភិក្ខុនី១​ ​ព្យាយាម​ ​ដើម្បី​មិន​ឲ្យ​មាន​ទីលំនៅ​ ​ដល់​ពួក​ភិក្ខុនី១​ ​ជេរ​គំរាម​ភិក្ខុនី​ទាំងឡាយ១​ ​ផ្សំផ្គុំ​ពួក​ភិក្ខុ​ ​និង​ពួក​ភិក្ខុនី១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥នេះឯង​ ​ដែល​ភិក្ខុនី​សង្ឃ​ ​ត្រូវ​ធ្វើ​កម្ម​ ​គឺ​ភិក្ខុនី​សង្ឃ​ ​មិន​ត្រូវ​ថ្វាយបង្គំ​ភិក្ខុ​នោះ​ឡើយ​។​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636804138182312182
ទៅកាន់ទំព័រ៖