ព្រះត្រៃបិដក ភាគ ១៣
ម្នាលឧបាលិ ភិក្ខុត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនទាន់ដល់នូវអត្ថប្បដិសម្ភិទា (ការបែកធ្លាយក្នុងអដ្ឋកថា)១ មិនទាន់ដល់នូវធម្មប្បដិសម្ភិទា (ការបែកធ្លាយក្នុងបាលី)១ មិនទាន់ដល់នូវនិរុត្តិប្បដិសម្ភិទា (ការបែកធ្លាយក្នុងភាសា ឬដីកា)១ មិនទាន់ដល់នូវបដិភាណប្បដិសម្ភិទា (ការបែកធ្លាយដោយសេចក្តីឈ្លាសវៃ)១ មិនពិចារណានូវចិត្ត ដែលរួចហើយ ចាកកិលេសយ៉ាងណា១។ ម្នាលឧបាលិ ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ ភិក្ខុត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដល់នូវអត្ថប្បដិសម្ភិទា១ ដល់នូវធម្មប្បដិសម្ភិទា១ ដល់នូវនិរុត្តិប្បដិសម្ភិទា១ ដល់នូវបដិភាណប្បដិសម្ភិទា១ ពិចារណានូវចិត្ត ដែលរួចហើយ ចាកកិលេសយ៉ាងណា១។ ម្នាលឧបាលិ ភិក្ខុត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។
ចប់ ភិក្ខុនីឱវាទវគ្គ ទី៨។
ID: 636804139785783895
ទៅកាន់ទំព័រ៖