ព្រះត្រៃបិដក ភាគ ១៣
ដឹងអធិករណ៍១ ដឹងសមុដ្ឋាននៃអធិករណ៍១ ដឹងប្រយោគនៃអធិករណ៍១ ដឹងកិរិយារម្ងាប់អធិករណ៍១ ឈ្លាសក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួររម្ងាប់អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់អធិករណ៍ទេ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកឥតខ្មាស១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួររម្ងាប់អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួររម្ងាប់អធិករណ៍បាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តីស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមានខ្មាស១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបគួររម្ងាប់អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់អធិករណ៍បាន។
ID: 636804143400720658
ទៅកាន់ទំព័រ៖