ព្រះត្រៃបិដក ភាគ ១៣

គឺ​ភិក្ខុ​មិន​លំអៀង​ព្រោះ​សេចក្តី​ស្រឡាញ់១​ ​មិន​លំអៀង​ព្រោះ​សេចក្តី​ស្អប់១​ ​មិន​លំអៀង​ព្រោះ​សេចក្តី​ល្ងង់១​ ​មិន​លំអៀង​ព្រោះ​សេចក្តី​ខ្លាច១​ ​ជា​អ្នកមាន​ចិត្តធ្ងន់​ក្នុង​ព្រះ​សទ្ធម្ម​ ​មិន​ធ្ងន់​ក្នុង​អាមិសៈ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើប​គួរ​រម្ងាប់​អធិករណ៍​បាន​។​
 [​២៩៥​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្ឃ​បែកគ្នា​ដោយ​អាការ​ប៉ុន្មាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​សង្ឃ​បែកគ្នា​ដោយ​អាការ៥​។​ ​អាការ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ដោយ​កម្ម​ ​(​មាន​អបលោកនកម្ម​ជាដើម​)​១​ ​ដោយ​ឧទ្ទេស​ ​(​មាន​និ​ទានុ​ទ្ទេស​ជាដើម​)​១​ ​ដោយ​សំដែង​ភេទ​ករ​វត្ថុ១៨យ៉ាង១​ ​ដោយ​អនុ​ស្សា​វនៈ​ ​គឺ​សូត្រ​បញ្ជាក់​អំពី​សេចក្តី​ស្មោះត្រង់​របស់​ខ្លួន​(​១​)​១​ ​ដោយ​ប្រគល់​ស្លាក​(​២​)​១​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​បែកគ្នា​ដោយ​អាការ៥យ៉ាងនេះ​ឯង​។​
​(​១​)​ ​អដ្ឋកថា​ថា​ ​ភិក្ខុ​អ្នក​បំបែក​សង្ឃ​សូត្រ​បញ្ជាក់​ដោយ​ពាក្យ​ដូច្នេះ​ជាដើម​ថា​ ​លោក​ទាំងឡាយ​ ​ចូរ​ដឹង​ចុះ​ ​ខ្ញុំ​នេះ​ជា​អ្នក​ចេញ​ចាក​ត្រកូល​ខ្ពង់ខ្ពស់​មក​បួស​ ​ហើយ​ជា​ពហុស្សូត​ផង​ ​សូម​លោក​គ្រប់រូប​ ​ទុកចិត្ត​ចុះ​ថា​ ​ខ្ញុំ​មិនមែន​នាំឲ្យ​លោក​គ្រប់រូប​កាន់​ខុស​ធម៌​វិន័យ​ទេ​ ​មួយទៀត​ ​ខ្ញុំ​មិនមែន​សំគាល់​អវីចិ​នរក​ថា​ ​ត្រជាក់​ដូចជា​ផ្កា​ឧប្បល​ខៀវ​ទេ​ ​ខ្ញុំ​មិនមែន​ជា​មិន​ខ្លាច​អបាយ​នោះ​ទេ​។​ ​បើ​តាម​ដីកា​ថា​ ​សូត្រ​បញ្ជាក់​ពាក្យ​ខ្លួន​ ​ដល់​ភិក្ខុ​ដែល​ខ្លួន​គួរ​បំបែក​។​ ​(​២​)​ ​អដ្ឋ​ថា​ ​ថា​ ​លុះ​សូត្រ​បញ្ជាក់​យ៉ាងនេះ​ហើយ​ ​ក៏​ញុំាង​ចិត្ត​ភិក្ខុ​ទាំងឡាយ​នោះ​ ​ឲ្យ​ជឿស៊ប់​ ​មិន​ឲ្យ​ងាក​បែ​ត្រឡប់​វិញ​ ​បាន​ហើយក៏​ប្រគល់​ស្លាក​ឲ្យ​ទៅ​ថា​ ​លោក​ទាំងឡាយ​ ​ចូរ​យក​ស្លាក​នេះ​ទៅចុះ​ ​ឯ​អាការ​ទាំង៥នេះ​ ​ត្រង់​អាការ​ទី១​ ​ទី២​ ​ជា​សំខាន់​ក្នុង​ការ​បំបែក​សង្ឃ​នេះ​ ​ចំណែក​ឯ​អាការ​ទី៣​ ​ទី៤​ ​ទី៥​ ​គ្រាន់តែ​ជា​បុព្វភាគ​ទេ​។​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់
ID: 636804144717835993
ទៅកាន់ទំព័រ៖